Welcome to visit my blog!>

Friday, May 21, 2010

តំបន់ទេសចរណ៍ខេត្តកែប

ប្រវត្តសង្ខេប ខេត្តកែប

ទីក្រុងកែប ជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រ មានទីតាំងស្ថិតនៅភាគនិរតីនៃរាជធានីភ្នំពេញ។ ភ្ញៀវទេសចរ អាចធ្វើដំណើរ ពីរាជធានីភ្នំពេញមកក្រុងកែប តាមផ្លូវជាតិលេខ៣ កាត់តាមខេត្តកំពត មានចំងាយប្រមាណ ១៧៣ គ.ម ឫ តាមផ្លូវជាតិលេខ ២ កាត់តាមខេត្តតាកែវ ឫក៏ អាចធ្វើដំណើរ តាមរថភ្លើង មកចុះនៅស្ថានីយ៍ តំណាក់ចង្អើរដែលមានចំងាយ ពីក្រុងកែប ៧ គ.ម។ ភ្ញៀវទេសចរបរទេស អាចធ្វើដំណើរ ពីប្រទេសវៀតណាម មកក្រុងកែបតាមច្រកហាទៀង ព្រែកចាក ដែលមានចំងាយប្រមាណ ៤០ គ.ម។ តាម ផ្លូវសមុទ្រ ភ្ញៀវទេសចរអាចជិះទូក កប៉ាល់ពីក្រុងព្រះសីហនុ និង ពីប្រទេសវៀតណាម មកកំពង់ផែ ក្រុងកែប ផងដែរ។

ខេត្តកែប បានកសាងឡើងក្នុងអំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង។ ខេត្តនេះបានកែលំអ ឲ្យក្លាយជា ទីក្រុងទេសចរណ៍ឆ្នេរសមុទ្រ ដ៏ប្រណិតមួយក្នុងទស្សវត្សទី៦០ នាសម័យរាជរដ្ឋាភិបាល សង្គមរាស្រ្តនិយម។

ឈ្មោះខេត្តកែបនេះ បានក្លាយមកពីពាក្យបារាំង “Le cap” ប្រែមកជាពាក្យខ្មែរ គឺ ជ្រោយ មានន័យថា ដីដុះលយទៅសមុទ្រ។

កែបជាក្រុងមួយតូចចង្អៀត សំរាប់អ្នកទេសចរគ្រប់ប្រភេទ ប៉ុន្តែតំបន់នេះជាតំបន់ទីផ្សារ នៃសត្វសមុទ្រស្រស់ៗ សំរាប់អ្នកទេសចរនៅក្នុងប្រទេស ដូចជា ក្តាម​​ ខ្យង និង ម៊ឹក បង្គារជាដើម។ ចំណែកឯតំបន់កំសាន្តវិញ គឺមានតែ ឆ្នេរក្រុងកែបមួយប៉ុណ្ណោះ សំរាប់ងូតទឹក ដែលមានប្រវែងប្រមាណ ១ ០០០ម៉េត្រ។ តំបន់នេះ ប្រភេទខ្សាច់សមុទ្រ មានពណ៍ខ្មៅ ខុសពីខ្សាច់ក្រុងព្រះសីហនុ ដែលមានខ្សាច់ពណ៍ស។

  • ភ្នំសសៀ

ភ្នំសសៀ ជារមណីយដ្ឋានវប្បធម៌​ និង​ ធម្មជាតិរបស់ក្រុងកែប មានទីតាំងនៅប៉ែកអាគ្នេយ៍ និង មានចំងាយ ១៤ គ.ម ពីក្រុងកែប។

Thursday, May 20, 2010

ផ្លូវគមនាគមន៍

  • ផ្លូវដែក

ផ្លូវដែកប្រទេសកម្ពុជាមានពីរខ្សែគឺ៖

ខ្សែទីមួយពីភ្នំពេញទៅប៉ោយប៉ែត មានប្រវែង ៣៨៦ គ.ម កសាងឆ្នាំ ១៩២៧។

ខ្សែទីពីរ ពីភ្នំពេញទៅក្រុងព្រះសីហនុ មានប្រវែង ២៦៤ គ.ម កសាងឆ្នាំ ១៩៥៨។ ដែលមានប្រវែងសរុប៦៥០ គ.ម និងទទឹង ១ម៉ែត្រ និង មានស្ពានគ្របប្រភេទ ៩៩០។

  • ផ្លូវអាកាស

ប្រទេសយើងមានអាកាសយានដ្ឋាន អន្តរជាតិពីរ គឺអាកាសយានដ្ឋានភ្នំពេញ អាចទទួលយន្តហោះគ្រប់ប្រភេទ ឲ្យចុះចតបាន និង អាកាសយានដ្ឋានសៀមរាប ដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរជាតិ និង អន្តរជាតិមកទស្សនា ប្រាសាទអង្គរ និង ប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប។ អាកាសយាន្តដ្ឋានត្រូវបានរៀបចំ និង កែលំអរដោយ ក្រុមហ៊ុនវិនិយោគបរទេស មកពីប្រទេសបារាំង។ ក្រៅពីនេះ ប្រទេសយើង មានអាកាសយាន្តដ្ឋាន ក្នុងស្រុកជាច្រើនកន្លែងទៀតគឺ នៅក្នុងក្រុងព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង រតនគិរី។

ឧទ្យានជាតិនៅប្រទេសកម្ពុជា

តំបន់ឧទ្យានជាតិ គឺជាតំបន់ដែលកំនត់ដោយ ព្រះរាជក្រិត្យទុកសំរាប់ការពារដែនធម្មជាតិ និង ទស្សនីយភាព ដើម្បីបំរើឲ្យ វិទ្យាសាស្ត្រអប់រំ និង ទេសចរណ៍ ។ តំបន់ឧទ្យានជាតិមាន ប្រាំពីរកន្លែងគឺ៖
  1. ឧទ្យានជាតិរាម មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ដែលមានផ្ទៃដី ២១ ០០០ហិចតា។
  2. ឧទ្យានជាតិមុនីវង្សបូកគោ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត​ដែលមានផ្ទៃដី ១៤០ ០០០ ហិចតា។
  3. ឧទ្យានជាតិកែប មានទីតាំងស្ថិតនៅខេត្តកែប ដែលមានផ្ទៃដី ៥ ០០០ហចតា។
  4. ឧទ្យានជាតិភ្នំគូលែន មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានផ្ទៃដី ៣៧ ៥០០ ហិចតា។
  5. ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ មានទីតាំងស្ថិតនៅក្នុង ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលមានផ្ទៃដី ៣៥ ០០០ ហិចតា។
  6. ឧទ្យានជាតិបុទុមសាគរ មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ១៧១ ២៥០ ហិចតា។ តំបន់នេះសំបូរសត្វស្លាបសមុទ្រ។
  7. ឧទ្យានជាតិវរៈជ័យ មានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និង រតនគិរី ដែលមានផ្ទៃដី ៣៣២ ៥០០ ហិចតា។ តំបន់នេះសំបូរសត្វចតុបាត។


Wednesday, May 19, 2010

នាក់ ផល្លី



#Group09, Hong Village, Ream Commune,Prey Nop District, Sihanouk Province.
Contact: (+855)16 39 88 77
E-mail: poly.neak@gmail.com
Website: http://www.reamshore.eu5.org
http://www.reamsea.wordpress.com

ប្រសិនបើមានចំណាប់អារម្មណ៍ចំពោះរូបខ្ញុំសូមចុចនៅទីនេះដើម្បីទាញយកCV របស់ខ្ញុំ ឬក៏អាចទំនាក់ទំនងខ្ញុំតាមលេខទូរស័ព្ទខាងលើ ខ្ញុំរីករាយ និង ស្វាគមន៍ជានិច្ច។ សូមអរគុណ!

កំពង់ផែ

កំពង់ផែដែលធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានបីគឺ កំពង់ផែក្រុងភ្នំពេញ កំពង់ផែក្រុងព្រះសីហនុ និង កំពង់ផែរាម ដែលស្ថិតនៅមូលដ្ឋានរាម គឺជាតំបន់មួយសំបូរទៅដោយកងទ័ពជើងទឹក និង គ្រួសារកងទ័ព។ ផែនេះគឺសំរាប់តែកប៉ាល់កងទព័ជើងទឹកចូលចតតែប៉ុណ្ណោះ។​ចំនែកឯ កំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សំរាប់ចរាចរទំនិញ និង អ្នកទេសចរវិញនោះគឺកំពង់ផែក្រុងភ្នំពេញ និង កំពង់ផែក្រុងព្រះសីហនុ ។

កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ គ.ម ពីក្រុងភ្នំពេញ តាមផ្លូវជាតិលេខបួន និង ២៦៣ គ.ម ពីភ្នំពេញតាមរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦០។​ កំពង់ផែនេះ មានបណ្តោយ ៣៥០ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ។

កំពង់ផែភ្នំពេញ រួមមានផែថ្មមានប្រវែង ១៨៤​ ម៉ែត្រ និង ផែបណ្តែតទឹក មានប្រវែង ១៩៦ ម៉ែត្រ។ ជំរៅទឹកនៅ រដូវវស្សា ៥.៨ ម៉ែត្រ និង រដូវប្រាំង ៤.២ ម៉ែត្រ។

Monday, May 17, 2010

តំបន់ទេសចរណ៍នានានៅខេត្តកំពត

* ភ្នំបូកគោ

កំពូលភ្នំបូកគោ មានចំងាយ ៤២ គ.ម ពីទីរួមខេត្តកំពត។ ក្រុមបរទេស បានមកដល់ដំបូងគេនៅឆ្នាំ ១៩១៧ លុះក្រោយមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី ១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្តិ។ កាលដំបូងឡើយ បូកគោគឺជាទីកន្លែងសំរាកលំហែរកាយរបស់អាណានិគមបារាំង ក្នុងការផ្លាស់ប្តូរធាតុអាកាសនៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។

ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ១០៧៥ ម៉ែត្រ ធាតុអាកាសនៅទីនោះមានសភាពត្រជាក់បង្គួរ រុក្ខជាតិទាំងឡាយមានភាពរីស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូចជា មានផ្ទាំងថ្មដា ធំៗ ជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះនៅកណ្តាលវាល ខ្លះទៀតមើលទៅមានរាងដូចជា រូបសត្វផ្សេងៗ ឫ ជារាងសំពៅ...។ ពីកំពូលភ្នំបូកគោ គេអាចមើលឃើញមូវទិដ្ឋភាពខ្លះៗនៃខេត្តកំពតកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។

កាលសម័យសង្គមរាស្រ្តនិយម គេបានកសាងសំណង់សាធារណៈ ជាច្រើនប្រែក្លាយជាបូរីមួយ ប៉ុន្តែ សព្វថ្ងៃនេះ សំណង់អាគាទាំងនេះត្រូវបានខូចខាតស្ទើទាំងស្រុង។ នៅចំងាយ ៧គ.ម ពីកន្លែងនោះក៏មានកន្លែង ងូតទឹកជ្រោះមួយ ដែលគេហៅថាតំបន់ទឹកធ្លាក់ បីជាន់ “ពពកវិល” ដែលអ្នកទេសចរអាចមុជទឹកកំសាន្ត និង សម្រាកលំហែរអារម្មណ៍ជាមួយនឹងទិដ្ឋភាពនៃព្រៃភ្នំ និង ពពកវិលដ៏ស្រស់ត្រកាល។

* ទឹកឈូ

ទឹកឈូជារមណីយដ្ឋានធម្មជាតិមានចំងាយ ៨គ.ម ខាងជើងទីរួមខេត្ត មានទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកកំពត។ រមណីយដ្ឋាននេះមានទឹកជ្រោះហូរធ្លាក់តាំងពីភ្នំដំរី ភ្នំកំចាយ ហូរខួបប្រាំងវស្សាប្រកបដោយ ទឹកថ្លាឈ្វេង ត្រជាក់ស្រឹប ហូរកាត់លើផ្ទៃថ្មដាដ៏ធំៗផ្តល់ជាកន្លែងងូតទឹកកំសាន្តដ៏សែនមនោរម្យ។

នៅតំបន់រមណីយដ្ឋានទឹកឈូ សំបូរដោយផ្លែឈើមានតំលៃរបស់ប្រទេសយើងដែរ ដូចជា ធូរ៉េន មង្ឈុត​ សាវម៉ាវ ម៉ាក់ប្រាង ម្នាស់ ក្រុចថ្លុង ទៀប ដូង...។ បណ្តាផ្លែឈើទាំងនេះហុចផលបណ្តាក់គ្នាជាបន្តបន្តាប់ ដោយឡែក ផ្លែធូរ៉េនមានជាហូរហែរៀងរាល់ខែ។ នៅក្បែរទឹកហូរ មានរមណីយដ្ឋានមួយទៀត ដែលរៀបចំ ឡើងដោយឯកឧត្តម ញឹម វណ្ណដា មានចិញ្ចឹមសត្វ និង​ ដាំដំណាំហូបផ្លែឲ្យកូនខ្មែរយើងស្គាល់ពីប្រភេទដើមឈើ ទាំងនោះ ដូចជា ធូរ៉េន សាវម៉ៅ ជាដើម។

* ភ្នំកំពង់ត្រាច

ភ្នំកំពង់ត្រាច ស្ថិតនៅតាមផ្លូវជាតិលេខ ៣៦ ក្នុង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨គ.ម ប៉ែកខាងកើតខេត្តកំពត។ រមណីយដ្ឋាននេះគឺជា ភ្នំថ្ម ពុំសូវមានរុក្ខជាតិប៉ុន្មានទេ ជារមណីយដ្ឋានរូងភ្នំ ប្រកបដោយ ល្អាងតូចធំជាច្រើន។ ក្នុងចំណោមល្អាងទាំងនោះ ភាគច្រើនប្រជាជនរៀបចំសំរាប់ធ្វើជា កន្លែងប្រារព្វធ្វើពិធីបុណ្យទាន ឫ ជាកន្លែងសក្ការៈគោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទំលាប់ របស់ប្រជាជនទាំង ខ្មែរ ចិន វៀតណាម។

នៅទីនោះ មានល្អាងមួយមានវិជ្ជមាត្រប្រមាណ ៣០​ ម៉ែត្រ ហើយដីនៅទីនោះមានពណ៌៧ផ្សេងៗគ្នា ព្រមទាំងមានល្អាងតូចៗ បីបួន។ ល្អាងខ្លះ មានកាំជណ្តើរឡើងកំពស់ប្រមាណ ៤ម៉ែត្រ ព្រមទាំងមានថ្មរចនានៃ ធម្មជាតិ មើលទៅរាងដូចជារូបសត្វ ឫ វត្ថុ។​ចេញពីល្អាងនេះមានរូងមួយទៀត ដែលអាចធ្វើដំណើរបាន ឆ្ពោះទៅ ល្អាងវាលស្រែ ១០០ និង ល្អាងថ្មដុះ។ នៅតាមល្អាងទាំងនោះបានបន្សល់ទុកនូវស្នាមថ្នាំពណ៍ផ្សេងៗនៅឡើយ។ កាលពីសម័យមុនទសវត្សឆ្នាំ ៧០ គេបានរៀបចំកន្លែងនោះធ្វើជាកន្លែងថតភាពយន្តមួយដ៏សំខាន់។

នៅទីនោះ នៅជើងភ្នំខាងមុខមានវត្តរបស់ប្រជាជន​ ចិន វៀតណាម ហើយនៅមុខផ្លូវចូលមាត់រូង មានវត្ត ព្រះពុទ្ធសាសនាខ្មែរមួយដែរ បច្ចុប្បន្ន ព្រះសង្ឃគណៈកម្មការវត្តបាននាំគ្នារៀបចំថែរក្សាបណ្តាល្អាងនោះ ជាប្រចាំ។

Monday, May 10, 2010

ខេត្តក្រុងព្រះសីហនុ

*ឆ្នេរអូឈើទាល

ឆ្នេរអូឈើទាល មានទីតាំងស្ថិតនៅក្នុង សង្កាត់លេខ ៣។ តំបន់ឆ្នេរនេះមាន លក្ខណៈល្អជាង គេដែលឆ្នេរខ្សាច់ លាត សន្ធឹងវែង និង ជំរៅទឹករាក់ សភាពទឹកសមុទ្រមាន លក្ខណៈស្ងប់ស្ងាត់ រីឯបរិយាកាសជុំវិញ ក៏មានលក្ខណៈស្ងប់ស្ងាត់ដែរ។

បើពិនិត្យមើល លើលក្ខណៈទូទៅ នៃទីតាំងភូមិសាស្រ្តរបស់ឆ្នេរអូរឈើទាល យើងឃើញមាន សភាពប្លែកពីតំបន់ឆ្នេរ ផ្សេងទៀត ទាំងការទៅកំសាន្តរបស់អ្នកទេសចរណ៍ ទាំងការរៀបចំនៅកន្លែងនោះ មានការទាក់ទាញភ្ញៀវ ទេសចរណ៍ អន្តរជាតិ និងជាតិជាច្រើន។ ចំណែកចំនីអាហារ តំបន់នេះ មានដាក់លក់ ជាហូរហែ តាមឆ្នេរសមុទ្រ។

* ឆ្នេរសុខា

ឆ្នេរសុខាលាតសន្ធឹងវែងបន្តពីឆ្នេរអូឈើទាល ប៉ុន្តែទឹកមានលក្ខណៈជ្រៅបន្តិច និង មានសភាពអ៊ូអរទៅដោយ ភ្ញៀវជាតិ​ និង អន្តរជាតិ ដែលពេញនិយមក្នុងការងូតទឹកកំសាន្ត។ បច្ចុប្បន្នឆ្នេរសុខាត្រូវបានរៀចចំវិនិយោគ ដោយ ក្រុមហ៊ុន សុខាអូតែលរបស់លោកឧកញ្ញា សុខគង់ ដែលជាឆ្នេរសំរាប់កំសាន្តដល់ភ្ញៀវជាតិ ក៏ ដូចជាភ្ញៀវ អន្តរជាតិ នៅក្នុង ក្រុងព្រះសីហនុ។


* ឆ្នេរប្រាំពីរជាន់

ឆ្នេរនេះមានសភាពអ៉ូអរជាមធ្យមដោយតំបន់នោះមានទីធ្លាចង្អៀត ហើយទឹកសមុទ្រមានរលកធំបន្តិច ព្រមទាំង មានថ្ម សំរាប់អង្គុយលេងកំសាន្តទៀតផង។ តំបន់ឆ្នេរប្រាំពីរជាន់ មានអ្នកទេសចរណ៍ច្រើន បន្ទាប់ពីឆ្នេរសុខា ព្រោះដោយសារឆ្នេរនេះមានប្រវែងខ្លីជាឆ្នេរនានា។


* ឆ្នេរឯករាជ្យ

ឆ្នេរឯករាជនេះមានទីតាំងនៅទល់មុខមុខកោះពស់ ជាតំបន់រមណីដ្ឋានមួយដែលបាន រៀចចំបានល្អ លើផ្នែក សេវាកម្ម ដូចជា បន្ទប់សំរាប់ងូតទឹក មានទឹកល្អ និងមានសេវាកម្មសំរាប់ជូនភ្ញៀវទេសចរណ៍ ទៅតាមកោះនានា ជុំវិញក្រុងព្រះសីហនុ ដូចជាកោះពស់ជាដើម។

ឆ្នេរនេះ មានអ្នកទេសចរជាតិ និង អន្តរជាតិ ទៅសំរាកលំហែរកាយយ៉ាងច្រើនកុះករជាប្រចាំ។ ចំណែកតូប សំរាប់លំហែរមានអនាម័យល្អ និងមាន ខ្យល់អាកាសបរិសុទ្ធល្អណាស់ ព្រមទាំងមានឆ្នេរដ៏ស្រស់ស្អាត និងមាន រលកតូចៗ គួរឲ្យចង់ងូតទឹកលេងកំសាន្ត។


* ឆ្នេរម្លប់ជ្រៃ

ឆ្នេរម្លប់ជ្រៃមានទីតាំងនៅទល់មុខ សាលាក្រុងព្រះសីនុ ជាតំបន់ពុំសូវមានអ្នកទេសចរណ៍ទៅងូតទឹកលេងទេ ព្រោះ តំបន់នេះមានភោជនីដ្ឋានធំៗ នៅជាប់មាត់សមុទ្រដែលមានលក្ខណៈប៉ះពាល់កន្លែងលេងកំសាន្ត។ ប៉ុន្តែ អ្នកទេសចរភាគច្រើនគេនិយមទៅដើរកំសាន្ត នាពេលល្ងាច និងពេលយប់ដោយសារមាន ខ្យល់ជំនោរសមុទ្រ ដ៏ត្រជាក់ ដែលមិនអាចបំភ្លេចបាន។


* កោះពស់

កោះពស់ ជាកោះមួយនៅដាច់ពីឆ្នេរសមុទ្រ ចំងាយប្រហែល ១គ.ម ចំពីមុខក្រុងព្រះសីហនុ។ តំបន់នេះ ពុំសូវ មានអ្នកទេសចរណ៍ទៅកំសាន្តប៉ុន្មានទេ ព្រោះត្រូវឆ្លងទឹកសមុទ្រ ហើយពុំទាន់អភិវឌ្ឍន៍នៅឡើយ។ អ្នកទេសចរ ទៅលេងតំបន់នេះ ភាគច្រើនជាក្រុម និង មានខ្ចប់ម្ហូបអាហារនិងភេសជ្ជៈដោយខ្លួនឯង។ ឆ្នេរតំបន់នេះ វាលខ្សាច់ រៀបស្មើ និង មានសភាពស្ងប់ស្ងាត់ ជាពិសេសអ្នកទេសចរអាចស្ទូចត្រី នៅជិតកោះ រឺក៏អាចស្ទុចត្រី នៅលើទូក ក៏បាន។


* ទឹកជ្រោះក្បាលឆាយ

ទឹកជ្រោះក្បាលឆាយ មានទីតាំងនៅក្នុងខ័ណ្ឌព្រៃនុប មានចំងាយ ៧គ.ម ពីក្រុងព្រះសីហនុ បត់ឆ្វេងចូល ប្រហែល៩គ.ម។ ទឹកជ្រោះក្បាលឆាយមានប្រភពទឹកជាច្រើនតាមជួរភ្នំមាន់សមុទ្រ ប៉ុន្តែមកដល់ចំណុច មុខក្បាលឆាយ ប្រភពទឹកនៅសល់ផ្លូវទឹកតែបីទេ ដែលមានកំពស់ពី២ម ទៅ ៣ម។ ចរន្តទឹកមកដល់ចំនុច ក្បាលឆាយ មានផ្លូវទឹកមួយដែលមានទឹកហូរយ៉ាងខ្លាំង ហើយធ្លាក់ក្នុងល្បាក់ទឹកមានកំពស់ ១៤ម។

ប្រវត្តិទឹកធ្លាក់ក្បាលឆាយត្រូវបានរកឃើញក្នុងឆ្នាំ ១៩៦០ ដល់ ឆ្នាំ ១៩៦៣ និង ត្រូវបានរៀបចំជា កន្លែងប្រភព ផ្តល់ទឹកស្អាត សំរាប់ប្រើប្រាស់នៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែការស្ថាបនានោះក៏ត្រូវបានខកខាន ដោយសាសង្គ្រាម កើតឡើង ហើយតំបន់នោះក៏ក្លាយជា តំបន់លាក់ខ្លួនរបស់ក្រុមខ្មែរក្រហម។ លុះមកដល់ឆ្នាំ ១៩៩៧ តំបន់នោះ បានក្លាយជាតំបន់អភិវឌ្ឍន៍។ នៅឆ្នាំ ១៩៩៨ តំបន់ក្បាលឆាយត្រូវបានក្រុមហ៊ុនកុកអានដេញថ្លៃ រូចចាប់ផ្តើម កសាងផ្លូវ ប្រែក្លាយតំបន់នេះ ជារមណីយដ្ឋានទេសចរណ៍ សំរាប់អ្នកទេសចរជាតិ និង អន្តរជាតិ សំរាប់ កំសាន្តសប្បាយ ពេលសំរាកពីការងារ ក៏ដូចជាការសិក្សា។ បច្ចុប្បន្នផ្លូវទៅក្បាលឆាយជាផ្លូវចាក់គ្រួសក្រហម និងមានសភាពហ៊ុយបន្តិចនៅរដូវប្រាំង។

Map of Sihanoukville

Thursday, May 6, 2010

បាតុកម្មនៅអឺរ៉ុបបានធ្វើឲ្យមនុស្សបីនាក់ស្លាប់

​​​​​ពួកបាតុករចោលដុំថ្មទៅលើប៉ូលីស នៅកណ្តាលទីក្រុងអាថែន
រូបភាពដោយ៖ Nikolas Giakoumidis/Associated Press


នៅវេលាម៉ោង :០៣pm នៅជាន់ទីបី នៃអាគារតន្ត្រីថ្មី ដែលជាបេះដូងនៃ ទីក្រុងអាថែន ដែលបណ្តាឲ្យ មនុស្សបីនាក់ស្លាប់។ បុគ្គលិក ធនាគា ព្យាយាម ពន្លត់ភ្លើង ដែលបង្ក ដោយ គ្រាប់បែកភ្លើង ដែលចោលចូលទៅក្នុង អគារ។

មនុស្សដែល ស្លាប់ទាំងបីនាក់នោះ គឺជាបុគ្គលិកធនាគារ នាក់ស្លាប់ទាំងបីនាក់នោះគឺ ប្រុសមួយ ស្រីពីរ និង ម្នាក់ក្នុងចំណោមពួកគេ មានម្នាក់ មានផ្ទៃពោះបួនខែហើយ ដែលបានស្លាប់គួរឲ្យខ្លោចផ្សារ នៅក្នុងភ្លើង អស់រយៈ ពេលមួយម៉ោង នៃក្រុមបាតុករ ដែលមានកំហឹងយ៉ាងខ្លាំង និងកំពុងឡោមព័ទ្ធ សភាក្រិច។

Wednesday, May 5, 2010

ឧទ្យានជាតិរាម

ឧទ្យានជាតិខេត្តព្រះសីហនុ ស្តិតនៅរវាងកោះថ្មី និង ក្រុងព្រះសីហនុ មានចំងាយប្រហែល ១៨ គម ពីក្រុងព្រះសីហនុ។ ឧទ្យានជាតិនេះបានបើកនៅក្នុងឆ្នាំ ១៩៩៣ ដែលមានផ្ទៃដី ២១ ០០០ ហិកតា ដែលក្នុងនោះ ១៥​ ០០០ហិកតា ជាដីគោកតាមឆ្នេរសមុទ្រ និង ៦ ០០០ហិកតា ជាផ្ទៃទឹកសមុទ្រ។

ឧទ្យានជាតិនេះមាននូវ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងមានផ្លូវអមតាមឆ្នេរសមុទ្រ ដើមកោងកាង ព្រៃភ្នំ និង សត្វស្លាបជាច្រើនប្រភេទ និង ឆ្នេរស្រស់បំព្រង ដូចជា កោះតាគាវ និង កោះឬស្សី ព្រងទាំងមាន ផ្ទះសំរាប់ស្នាក់នៅ មានសេវាកម្ម ម្ហូបអាហារ និងទូកសំរាប់ ធ្វើដំណើរទៀតផង។

​សមុទ្ររាមមានចំងាយប្រមាណ ៣០គឺឡូម៉ែត្រ ពី​ក្រុងព្រះសីហនុ និងមានសេវាកម្មជាច្រើន សំរាប់ភ្ញៀវទេសចរណ៍ ក៏ដូចជាឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត ដែលមិនអាចបំភ្លេចបាន។ មានកន្លែងសំរាប់កំសាន្ត និងមានទូកសំរាប់ធ្វើដំណើរទៅទស្សនាតាមតំបន់កោះជាច្រើន ដូចជា កោះតាគាវ កោះឬស្សី កោះស្រមោច និងមានកោះជាច្រើនទៀត ដែលមានឆ្នេរខ្សាច់ស្អាត និងអាចមើលផ្កាថ្ម ព្រមទាំងមាន ទេសភាពគួរជាទីគយគន់។
តំបន់រាមជាកន្លែងសំរាប់បងប្អូនកងទ័ពរស់នៅ និងជាកន្លែងការពារដែនដីទឹករបស់ប្រទេសជាតិ។ បច្ចុប្បន្នមានកងទ័ពជាច្រើន ដែលបានជួយការពារបូរណៈភាពទឹកដីនៅទីនោះ ជាពិសេសយុវជន ជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី ជួយការពារទឹកដីដើម្បីប្រទេសជាតិខ្មែរយើង។