Welcome to visit my blog!>

Wednesday, November 24, 2010

តួលេខ​អ្នក​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នៅ​ស្ពាន​កោះ​ពេជ្រ​ជា​ផ្លូវការ​មាន ៤៥៦​នាក់

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ជា​អនុប្រធាន​គណៈកម្មការ​ដោះស្រាយ​ការងារ​បន្ទាន់​លើ​ឧបទ្ទវហេតុ​នៅ​ ស្ពាន​កោះ​ពេជ្រ លោក អ៊ិត សំហេង បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា មាន​ចំនួន ៤៥៦​នាក់ និង​របួស​ចំនួន ៣៩៥​នាក់។ តួលេខ​នេះ​មាន​ការ​ខុស​គ្នា​ជាមួយ​តួលេខ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា កន្លង​ទៅ។

RFA/Tin Zakariya

លោក ផៃ ស៊ីផាន ពន្យល់​ថា ៖ «ប្រភព​ទី​១ គឺ​នៅ​មន្ទីរពេទ្យ​ដែល​ឃើញ​ចំនួន​ជាក់​ស្តែង​ទាំង​អ្នក​ស្លាប់ និង​អ្នក​របួស ហើយ​ប្រភព​មួយ​ទៀត ធ្វើ​របាយការណ៍​មូលដ្ឋាន​មក​វិញ អ្នក​ស្លាប់​ប៉ុន្មាន និង​អ្នក​របួស​ប៉ុន្មាន​ដើម្បី​យក​មក​ផ្ទៀងផ្ទាត់»

មន្ទីរពេទ្យ​រដ្ឋ​ដែល​ជួយ​សង្រ្គោះ​អ្នក​រង​គ្រោះ​នៅ​ក្នុង​ឧបទ្ទវហេតុ​ កោះ​ពេជ្រ មាន​មន្ទីរពេទ្យ​ចំនួន​៨ ប៉ុន្តែ​មន្ទីរពេទ្យ​ដែល​មាន​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​របួស នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា មាន​មន្ទីរពេទ្យ​ចំនួន​៤ ដូចជា​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-​សូវៀត មន្ទីរពេទ្យ​ព្រះកុសុមៈ និង​មន្ទីរពេទ្យ​ព្រះកេតុមាលា។

វេជ្ជបណ្ឌិត តិច វេង នៃ​មន្ទីរពេទ្យ​ព្រះកេតុមាលា​ផ្នែក​សង្គ្រោះ​បន្ទាន់ បាន​ឲ្យ​ដឹង​ថា តាម​ការ​សន្និដ្ឋាន​របស់​លោក​បាន​បញ្ជាក់​ថា បញ្ហា​ដែល​បណ្ដាល​ឲ្យ​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​បែប​នេះ មក​ពី​ការ​ប្រជ្រៀត​គ្នា​រយៈ​ពេល​យូរ ហើយ​ថប់​ដង្ហើម ៖ «លោត​លើ​ស្ពាន​ទៅ ​ជាន់​ក​គ្នា​លង់​ទឹក​ស្លាប់​តែម្ដង អ្នក​នៅ​លើ​ស្ពាន​ស្លាប់​ដោយសារ​គាត់​ថប់​ដង្ហើម​ដក​អត់​រួច​ហ្នឹង​ណា ជាន់​គ្នា​គាប​គ្នា​ជាប់​តែម្ដង»

ទាក់ទង​ទៅ​នឹង​សោកនាដកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​បាន​កើត​មាន​កាល​ពី​យប់ ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ ដោយ​ប្ដេជ្ញា​រក​មូលហេតុ​ក្នុង​ការ​ធ្វើ​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​នេះ។

លោក ហ៊ុន សែន បាន​អះអាង​ដូច្នេះ ៖ «បញ្ហា​ដ៏​សំខាន់​មួយ​ដែល​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​រក រុក​រក​ឲ្យ​ឃើញ​អំពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដ៏​សម្បើម​នេះ»

ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ផ្លូវការ​ណា​មួយ​អះអាង​អំពី​មូលហេតុ​ពិត​ប្រាកដ ដែល​បណ្ដាល​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​ពេជ្រ​ឆ្លង​ទៅ​កោះ​ពេជ្រ បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រាប់​រយ​នាក់​នោះ​នៅ​ឡើយ​ទេ។

ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ការ​សន្និដ្ឋាន​ជា​បឋម​ថា ការ​ស្លាប់​នោះ​មក​ពី​ការ​រត់​ជាន់​គ្នា បើ​ទោះ​បី​ជា​ប្រភព​អ្នក​រង​គ្រោះ​មួយ​ចំនួន​បាន​អះអាង​ថា មាន​ការ​ឆក់​ខ្សែ​ភ្លើង មាន​ការ​ច្រាន​គ្នា​បណ្ដាល​ឲ្យ​ដួល​គរ​លើ​គ្នា ដោយសារ​មាន​ការ​ស្រែក​បំភ័យ​ថា ស្ពាន​បាក់​ជា​ដើម៕