Welcome to visit my blog!>

Monday, May 17, 2010

តំបន់ទេសចរណ៍នានានៅខេត្តកំពត

* ភ្នំបូកគោ

កំពូលភ្នំបូកគោ មានចំងាយ ៤២ គ.ម ពីទីរួមខេត្តកំពត។ ក្រុមបរទេស បានមកដល់ដំបូងគេនៅឆ្នាំ ១៩១៧ លុះក្រោយមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី ១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្តិ។ កាលដំបូងឡើយ បូកគោគឺជាទីកន្លែងសំរាកលំហែរកាយរបស់អាណានិគមបារាំង ក្នុងការផ្លាស់ប្តូរធាតុអាកាសនៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។

ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ១០៧៥ ម៉ែត្រ ធាតុអាកាសនៅទីនោះមានសភាពត្រជាក់បង្គួរ រុក្ខជាតិទាំងឡាយមានភាពរីស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូចជា មានផ្ទាំងថ្មដា ធំៗ ជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះនៅកណ្តាលវាល ខ្លះទៀតមើលទៅមានរាងដូចជា រូបសត្វផ្សេងៗ ឫ ជារាងសំពៅ...។ ពីកំពូលភ្នំបូកគោ គេអាចមើលឃើញមូវទិដ្ឋភាពខ្លះៗនៃខេត្តកំពតកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។

កាលសម័យសង្គមរាស្រ្តនិយម គេបានកសាងសំណង់សាធារណៈ ជាច្រើនប្រែក្លាយជាបូរីមួយ ប៉ុន្តែ សព្វថ្ងៃនេះ សំណង់អាគាទាំងនេះត្រូវបានខូចខាតស្ទើទាំងស្រុង។ នៅចំងាយ ៧គ.ម ពីកន្លែងនោះក៏មានកន្លែង ងូតទឹកជ្រោះមួយ ដែលគេហៅថាតំបន់ទឹកធ្លាក់ បីជាន់ “ពពកវិល” ដែលអ្នកទេសចរអាចមុជទឹកកំសាន្ត និង សម្រាកលំហែរអារម្មណ៍ជាមួយនឹងទិដ្ឋភាពនៃព្រៃភ្នំ និង ពពកវិលដ៏ស្រស់ត្រកាល។

* ទឹកឈូ

ទឹកឈូជារមណីយដ្ឋានធម្មជាតិមានចំងាយ ៨គ.ម ខាងជើងទីរួមខេត្ត មានទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកកំពត។ រមណីយដ្ឋាននេះមានទឹកជ្រោះហូរធ្លាក់តាំងពីភ្នំដំរី ភ្នំកំចាយ ហូរខួបប្រាំងវស្សាប្រកបដោយ ទឹកថ្លាឈ្វេង ត្រជាក់ស្រឹប ហូរកាត់លើផ្ទៃថ្មដាដ៏ធំៗផ្តល់ជាកន្លែងងូតទឹកកំសាន្តដ៏សែនមនោរម្យ។

នៅតំបន់រមណីយដ្ឋានទឹកឈូ សំបូរដោយផ្លែឈើមានតំលៃរបស់ប្រទេសយើងដែរ ដូចជា ធូរ៉េន មង្ឈុត​ សាវម៉ាវ ម៉ាក់ប្រាង ម្នាស់ ក្រុចថ្លុង ទៀប ដូង...។ បណ្តាផ្លែឈើទាំងនេះហុចផលបណ្តាក់គ្នាជាបន្តបន្តាប់ ដោយឡែក ផ្លែធូរ៉េនមានជាហូរហែរៀងរាល់ខែ។ នៅក្បែរទឹកហូរ មានរមណីយដ្ឋានមួយទៀត ដែលរៀបចំ ឡើងដោយឯកឧត្តម ញឹម វណ្ណដា មានចិញ្ចឹមសត្វ និង​ ដាំដំណាំហូបផ្លែឲ្យកូនខ្មែរយើងស្គាល់ពីប្រភេទដើមឈើ ទាំងនោះ ដូចជា ធូរ៉េន សាវម៉ៅ ជាដើម។

* ភ្នំកំពង់ត្រាច

ភ្នំកំពង់ត្រាច ស្ថិតនៅតាមផ្លូវជាតិលេខ ៣៦ ក្នុង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨គ.ម ប៉ែកខាងកើតខេត្តកំពត។ រមណីយដ្ឋាននេះគឺជា ភ្នំថ្ម ពុំសូវមានរុក្ខជាតិប៉ុន្មានទេ ជារមណីយដ្ឋានរូងភ្នំ ប្រកបដោយ ល្អាងតូចធំជាច្រើន។ ក្នុងចំណោមល្អាងទាំងនោះ ភាគច្រើនប្រជាជនរៀបចំសំរាប់ធ្វើជា កន្លែងប្រារព្វធ្វើពិធីបុណ្យទាន ឫ ជាកន្លែងសក្ការៈគោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទំលាប់ របស់ប្រជាជនទាំង ខ្មែរ ចិន វៀតណាម។

នៅទីនោះ មានល្អាងមួយមានវិជ្ជមាត្រប្រមាណ ៣០​ ម៉ែត្រ ហើយដីនៅទីនោះមានពណ៌៧ផ្សេងៗគ្នា ព្រមទាំងមានល្អាងតូចៗ បីបួន។ ល្អាងខ្លះ មានកាំជណ្តើរឡើងកំពស់ប្រមាណ ៤ម៉ែត្រ ព្រមទាំងមានថ្មរចនានៃ ធម្មជាតិ មើលទៅរាងដូចជារូបសត្វ ឫ វត្ថុ។​ចេញពីល្អាងនេះមានរូងមួយទៀត ដែលអាចធ្វើដំណើរបាន ឆ្ពោះទៅ ល្អាងវាលស្រែ ១០០ និង ល្អាងថ្មដុះ។ នៅតាមល្អាងទាំងនោះបានបន្សល់ទុកនូវស្នាមថ្នាំពណ៍ផ្សេងៗនៅឡើយ។ កាលពីសម័យមុនទសវត្សឆ្នាំ ៧០ គេបានរៀបចំកន្លែងនោះធ្វើជាកន្លែងថតភាពយន្តមួយដ៏សំខាន់។

នៅទីនោះ នៅជើងភ្នំខាងមុខមានវត្តរបស់ប្រជាជន​ ចិន វៀតណាម ហើយនៅមុខផ្លូវចូលមាត់រូង មានវត្ត ព្រះពុទ្ធសាសនាខ្មែរមួយដែរ បច្ចុប្បន្ន ព្រះសង្ឃគណៈកម្មការវត្តបាននាំគ្នារៀបចំថែរក្សាបណ្តាល្អាងនោះ ជាប្រចាំ។

0 comments:

Post a Comment