ដោយ Graig Gerard
នៅពេលខ្ញុំមកដល់ទីក្រុងភ្នំពេញជាលើកដំបូង ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងចំនួនវេជ្ជបណ្ឌិត ហើយនិងគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដែលបើកបរក្នុងទីក្រុងទាំងមូល។ តែក្រោយពីជិះរ៉ឺម៉កតុកតុកប៉ុន្មានដងមក ខ្ញុំចាប់ដឹងពីភាពល្អប្រសើរនៃម៉ាសពេទ្យវះកាត់ សំរាប់ធ្វើដំណើរ។ វាការពារមនុស្សពីការបំពុលបរិយាកាស។ តើវាការពារបានមែនឬ?
បើយោងតាមទស្សនាវដ្តី Time Magazine “ម៉ាសពេទ្យវះកាត់មិនអាចការពារបាននូវលំអងតូចៗនិងឧស្ម័ន្ម ដូចជានីត្រូហ្សែនឌីអុកស៊ីដ ដែលអាចបណ្តាលអោយមានការប៉ះពាល់ធ្ងន់ធ្ងរមកលើខ្លួនយើង។” ជាជាងការជៀសវាងការបំពុល យើងគួរយកចិត្តទុកដាក់កាត់បន្ថយវាវិញ។ បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារបរិស្ថាន “ការផលិតថាមពលអគ្គិសនីបង្ករអោយមានការពុលច្រើនជាងឧស្សាហកម្មណាមួយ ដទៃទៀតទាំងអស់ នៅសហរដ្ឋអាមេរិក។” ខាងក្រោមនេះគឺជាបញ្ជីដែលមានការកែប្រែខ្លះ នៃមតិស្នើឡើងនៅក្នុងគេហទំព័ររបស់ទីភ្នាក់ងារការពារបរិស្ថាន ស្តីពីវិធីកាត់បន្ថយការបំពុលបរិយាកាស។
ការចេះក្នុងការបើកបរ
* ជិះកង់ ស៊ីក្លូ ឬដើរ ពេលណាអាចធ្វើបាន។ អ្នកមិនត្រឹមតែកាត់បន្ថយការបំពុលតែប៉ុណ្ណោះទេ តែអ្នកនឹងមានសុខភាពល្អផង។
* ជ្រើសរើសផ្លូវធ្វើដំណើរអោយបានត្រឹមត្រូវ។ ចូរសន្សំសាំង និងកាត់បន្ថយការបំពុលបរិយាកាស។
* កង់ឡានត្រូវមានខ្យល់គ្រប់ ហើយរត់ត្រង់គ្នា។
* នៅតំបន់មានអាកាសធាតុក្តៅ ចូរចាក់ប្រេងក្នុងធុងនៅពេលព្រឹកព្រលឹមដែលជាពេលត្រជាក់ ដើម្បីកាត់បន្ថយរំហួត។ ជៀសវាងការហៀរប្រេង ហើយកុំ “ចាក់អោយពេញហៀរ”។ បិទគ្របធុងវិញអោយជិត។
* ជៀសវាងបើកឡានរង់ចាំជាជួរយូរ។ ឧទាហរណ៍ នៅអាហារដ្ឋានម្ហូបឆ្អិនស្រាប់ ឬធនាគារ។ ចូរចតឡាន ហើយដើរចូល។
* ត្រូវថ្លឹងម៉ាស៊ីននិងត្រួតពិនិត្យ ថែទាំឡានអោយបានទៀងទាត់ (ពិសេសប៊ូស៊ី)។
ចូរប្រើប្រេងម៉ាស៊ីនដែលសន្សំថាមពល។
* ចូរសុំប្រធានរបស់អ្នកដើម្បីធ្វើការតាមម៉ោងដែល មានការប្រែប្រួលបាន ឬសុំធ្វើការពីផ្ទះទៅ (ដោយតភ្ជាប់បណ្តាញកុំព្យូទ័រពីកន្លែងធ្វើការមកផ្ទះ)
* ចូរកាត់បន្ថយការធ្វើដំណើរមិនចាំបាច់។ ចូរចូលរួមប្រជុំតាមរយៈទូរស័ព្ទមានវីដេអូឃើញរូប ជាជាងជិះយន្តហោះទៅចូលរួម បើសិនជាអាចធ្វើបាន។
* ចូរនាំគ្នាជិះឡានជាមួយគ្នាទៅធ្វើការ។
នៅផ្ទះ
* សន្សំថាមពល៖ ចូរបិទគ្រឿងប្រដាប់ប្រើអគ្គិសនីនិងភ្លើង ពេលអ្នកចេញពីបន្ទប់។
* ចូរដាំដើមឈើជំរុះស្លឹកតាមរដូវ នៅជុំវិញផ្ទះ ដើម្បីផ្តល់ម្លប់នៅរដូវក្តៅ និងអោយមានពន្លឺនៅរដូវរងា។
* ចូរទិញភ្លើងអគ្គិសនីដែលផលិតដោយមិនប៉ះពាល់បរិស្ថានច្រើន។
* ចូរភ្ជាប់ភ្លើងប្រើក្រៅផ្ទះទៅនឹងប្រដាប់បិទភ្លើងតាមម៉ោងកំណត់ ឬចូរប្រើថាមពលព្រះអាទិត្យ។
* ចូរបោកគក់ខោអាវដោយប្រើទឹកក្តៅឧណ្ហៗឬទឹកត្រជាក់ ជាជាងទឹកក្តៅខ្លាំង។
* ចូរបន្ថយទែម៉ូស្តាតនៃធុងកំដៅទឹកអោយនៅត្រឹម ១២០ ហ្វារិនហៃបានហើយ។
* ឈប់ជក់បារី។ យ៉ាងហោយណាស់ ចូរកុំជក់នៅក្នុងផ្ទះ ពិសេសបើមានក្មេង។ បើអ្នកឬភ្ញៀវរបស់អ្នកត្រូវជក់ ត្រូវជក់នៅក្រៅផ្ទះ។
ត្រូវចេះក្នុងការទិញរបស់
* ចូរទិញផលិតផលដែលជួយរក្សាថាមពល ដូចជាគ្រឿងប្រដាប់ប្រើអគ្គិសនីនិងអំពូលភ្លើង ដែលសន្សំថាមពល។ ផលិតផលដែលមិនសូវនាំអោយមានការប៉ះពាល់បរិស្ថានខ្លាំង។
* ចូរជ្រើសរើសរថយន្តដែលនាំអោយមានកំរិតបំពុលបរិយាកាសតិច ។ ចូរមើលគេហទំព័រ www.esp.gov/greenvehicles ។
* ចូរជ្រើសរើសផលិតផលដែលមានការវេចខ្ចប់តិច និងអាចយកមកប្រើឡើងវិញបាន។
* ចូរដើរទិញឥវ៉ាន់ដោយប្រើថង់ក្រណាត់ ជាជាងថង់ក្រដាសឬប្លាស្ទិក។
ចូរទិញថ្មពិលដែលអាចសាកវិញបាន សំរាប់របស់ដែលប្រើញឹកញាប់។
ទោះបីជានៅប្រទេសកម្ពុជា គេមិនអាចធ្វើបានទាំងអស់ដូចខាងលើនេះក្តី តែការកែប្រែទំលាប់របស់យើង ជាគំនិតមួយក្នុងពេលមួយ នឹងផ្តល់ផលច្រើន នៅទីបំផុត ហើយជួយបណ្តុះទស្សនៈស្រឡាញ់បរិស្ថាន សំរាប់បង្រៀនដល់កូនរបស់យើង។ បើយើងអាចធ្វើអោយមានការផ្លាស់ប្តូរច្រើននៅពេលនេះ នោះ ៣០ ឆ្នាំ ទៅមុខ នៅពេលគេត្រឡប់មកប្រទេសកម្ពុជាវិញ គេនឹងលែងឃើញមនុស្សពាក់ម៉ាសពេទ្យវះកាត់នៅតាមផ្លូវទៀតហើយ។
resource of http://khmer.cambodia.usembassy.gov
0 comments:
Post a Comment