Welcome to visit my blog!>

Monday, March 22, 2010

អ្នក​រត់​ម៉ូតូ​ឌុប​និង​រ៉ឺម៉ក​ត្អូញត្អែរ​ពី​បញ្ហា​ប្រេង​សាំង​ឡើង​ថ្លៃ

អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដឹក​អ្នក​ដំណើរ​នៅ​ទីក្រុង​ភ្នំពេញ ត្អូញត្អែរ​អំពី​តម្លៃ​ប្រេង​ឡើង​ថ្លៃ ក្នុង​ពេល​ដែល​ប្រេង​សាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថ្លៃ​ជាង ១​ដុល្លារ​អាមេរិក ក្នុង ១​លីត្រ។

RFA Photo/Mean Riddh

អតិថិជន​ជិះ​ម៉ូតូ​ចេញ​ពី​ស្ថានីយ​ប្រេង​មួយ​កន្លែង​របស់​ក្រុមហ៊ុន​តូតាល់ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៩។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ឈ្មោះ ចាន់ ឌឿន ដែល​រក​ចំណូល​បាន ១០.០០០ ទៅ ១៥.០០០​រៀល ស្មើ​នឹង ៣​ដុល្លារ​កន្លះ​ក្នុង​មួយ​ថ្ងៃ បាន​ត្អូញត្អែរ​ថា បញ្ហា​ប្រេង​ឡើង​ថ្លៃ​សព្វថ្ងៃ​នេះ​ធ្វើ​ឲ្យ​ជីវភាព​អ្នក​រត់​ម៉ូតូ​ឌុប​ដូច ​រូប​លោក​មាន​ការ​លំបាក។

លោក ចាន់ ឌឿន បាន​ឲ្យ​ដឹង​ថា ៖ «ជួនកាល​គិតគូរ​សាំង​ហើយ ជួនកាល​សល់ ១​ម៉ឺន​អី​ទៅ។ ដល់​ពេល​សាំង​ឡើង​ថ្លៃ ពិបាក​ទាំង​ពី​ក្រុម​គ្រួសារ លុយ​តិច​ពេក​ទៅ ចាក់​សាំង​អស់​តែម្ដង!»។

អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដឹក​អ្នក​ដំណើរ​មួយ​រូប​ទៀត​ឈ្មោះ ប៊ិន បូរ៉េត ដែល​មាន​កូន​ក្នុង​បន្ទុក ៤​នាក់ មាន​ប្រសាសន៍​ស្រដៀង​គ្នា​នឹង​អ្នក​រត់​ម៉ូតូ​ឌុប​ឈ្មោះ ចាន់ ឌឿន ដែរ ថា បញ្ហា​ប្រេង​ឡើង​ថ្លៃ​ស្រប​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ បាន​ធ្វើ​ឲ្យ​រក​ចំណូល​បាន​មួយ​ថ្ងៃ​សម្រាប់​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

លោក ប៊ិន បូរ៉េត មាន​ប្រសាសន៍​បន្ត​ថា ៖ «ខ្ញុំ​រាល់​ថ្ងៃ​មុខរបរ​រត់ ​អា​ទុកទុក​ហ្នឹង ចង់​ឲ្យ​សាំង​ហ្នឹង​វា​ចុះ​ថោក ប្រហែល​ជា ៣៥០០​(រៀល)​អី បាន​អាច​រកស៊ី​បាន ព្រោះ​អី​ស្រុក​ខ្មែរ​ឥឡូវ​សេដ្ឋកិច្ច​ធ្លាក់​ចុះ»។

ទាក់ទង​នឹង​បញ្ហា​ប្រេង​ឡើង​ថ្លៃ​នេះ ម្ចាស់​ស្ថានីយ​ប្រេង Shell នៅ​ស្ទឹង​មានជ័យ ក្រុង​ភ្នំពេញ មួយ​រូប ឈ្មោះ ងិន សារិន ដែល​ទទួល​ប្រេង​ពី​ក្រុមហ៊ុន​ឈ្មោះ TOTAL មក​លក់ មាន​ប្រសាសន៍​កត់​សម្គាល់​ថា បញ្ហា​ប្រេង​កំពុង​ឡើង​ថ្លៃ​ធ្វើ​ឲ្យ​លោក​ជា​អ្នក​លក់​ក៏​មាន​ក្តី​ព្រួយ​ បារម្ភ​ដែរ។

លោក​បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «អ៊ីចឹង​ខ្ញុំ​ក៏​មិន​ដឹង​មាន​អ្វី​ ដើម្បី​ជួយ​ឲ្យ​ចុះ​បាន​ទេ រឿង​នេះ​នៅ​លើ​ក្រុមហ៊ុន​ទាំង​អស់។ យើង​អ្នក​លក់ យើង​លក់​តាម​តម្លៃ​របស់​ក្រុមហ៊ុន ដែល​គេ​កំណត់​ឲ្យ​យើង។ សាំង​ធម្មតា ៤.៣៥០​(រៀល) ហើយ​ស៊ុបពែរ ៤.៥៥០ ម៉ាស៊ូត ៣.៨០០»។

ទាំង​អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដឹក​អ្នក​ដំណើរ មាន​សំណូមពរ​ដូច​គ្នា​ថា ចំពោះ​តម្លៃ​ប្រេង​សាំង​ធម្មតា​គួរ​មាន​តម្លៃ​ត្រឹម ៣.៥០០​រៀល​ប៉ុណ្ណោះ។

លោក ប៊ិន បូរ៉េត អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដឹក​អ្នក​ដំណើរ មាន​ប្រសាសន៍​ដូច្នេះ ៖ «ព្រោះ ​អី​រាល់​ថ្ងៃ​ខ្ញុំ​រកស៊ី​មួយ​ថ្ងៃ​ជួនកាល ២០.០០០​(រៀល) ២៥.០០០​អី គ្រាន់តែ​ដោះស្រាយ​ជីវភាព​មិន​គ្រាន់​ផង នៅ​មិន​ទាន់​ផាត់​ប្រេង​ផាត់​អី​ផង ផាត់​ប្រេង​អី​នៅ​សល់ ១៥.០០០​អី។ ចាក់​ពី​មុន​ប្រហែល ៣.៥០០ ឥឡូវ ៤.៤០០។ ៣.៥០០ អាច​មាន​លទ្ធភាព​បាន។ ចង់​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ដោះស្រាយ​ឲ្យ​សាំង​សល់​តែ ៣.៥០០ បាន​រក​ស៊ី​បាន ព្រោះ​ឥឡូវ​ប្រជាជន​ក្រ​ណាស់»។

លោក ប៊ិន បូរ៉េត បញ្ចេញ​ក្តី​ព្រួយ​បារម្ភ​ថា មុខរបរ​រត់​រ៉ឺម៉ក​កង់​បី​អាច​នឹង​ដួល​រលំ ហើយ​ជីវភាព​របស់​លោក​នឹង​រឹត​តែ​ពិបាក ប្រសិន​បើ​ប្រេង​សាំង​នឹង​បន្ត​ឡើង​ថ្លៃ​ត​ទៅ​ទៀត។

ម្ចាស់​ស្ថានីយ​ប្រេង Petronas នៅ​ជិត​ស្ថានទូត​ចិន​ឈ្មោះ យ៉ែម ផានណា និង​ប្រធាន​ស្ថានីយ​ប្រេង តេលា នៅ​ទួល​ទំពូង ឈ្មោះ ជា សុធានី បាន​ថ្លែង​បញ្ជាក់​ដូច​គ្នា​ថា បញ្ហា​ប្រេង​ឡើង​ថ្លៃ​នេះ​គឺ​បណ្ដាល​មក​ពី​តម្លៃ​ប្រេង​អន្តរជាតិ​ឡើង​ថ្លៃ​ ដែរ៕
Resource by rfa.org

0 comments:

Post a Comment