ភ្នំពេញ: ធនាគារអភិវឌ្ឍន៍អាស៊ី ប្រទេសជប៉ុន និងប្រទេសលុចហ្សំបួរ នឹងផ្តល់ជំនួយបច្ចេកទេស ដើម្បីជួយដល់ប្រទេសកម្ពុជា លើកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុ ដែលមានតម្លៃប្រមាណជា ១,២៥ លានដុល្លារ ។
យោងទៅតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែកុម្ភៈ នេះបានឲ្យដឹងថា តាមរយៈជំនួយបច្ចេកទេសនេះ ក្រសួងចំនួន៣ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជានឹងធ្វើការរួមគ្នា អភិវឌ្ឍន៍ប្រព័ន្ធគោលដៅទីផ្សារហិរញ្ញវត្ថុ ដើម្បីពង្រឹងធនធានទាំងឡាយ នៅក្នុងការធានាកំណើនសេដ្ឋកិច្ច ។ តាមរយៈគម្រោងនេះ រដ្ឋាភិបាលនឹងធ្វើការលើគម្រោងការសំខាន់ៗចំនួន ១៣ ដោយរួមទាំងការពង្រឹងការត្រួតពិនិត្យធនាគារ និងការកែលំអរគម្រោងច្បាប់ និងបទដ្ឋានផ្សេងៗ ព្រមទាំងជំរុញនូវការជួយទ្រទ្រង់ ដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាតិ ដែលទើបតែបង្កើតឡើងថ្មីៗ ហើយនិងច្បាប់កុងត្រាពាណិជ្ជកម្មជាដើម ។
ប្រភពដដែលនោះក៏បានឲ្យដឹងទៀតថា ទឹកប្រាក់ជំនួយបច្ចេកទេសនេះ ក៏នឹងជួយលើកកំពស់ដល់ប្រព័ន្ធទូទាត់ជាតិ ហើយនិងជំរុញការបង្កើតការិយាល័យព័ត៌មានឥណទាន នៅក្នុងធនាគារជាតិផងដែរ ។
គម្រោងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុនេះ មានតម្លៃប្រមាណជា ១,៤ លានដុល្លារ នៅក្នុងនោះ ៧៥០.០០០ ដុល្លារផ្តល់គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និង ៥០០.០០០ ដុល្លារ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលលុចហ្សំបួរ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ហើយចំណែកនៅសល់ចំនួន ១៥០.០០០ ដុល្លារ គឺជាគម្រោងទឹកប្រាក់បដិភាគរបស់រដ្ឋាភិបាលកម្ពុជា ៕www.cen.com
0 comments:
Post a Comment