រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាអនុប្រធានគណៈកម្មការដោះស្រាយការងារបន្ទាន់លើឧបទ្ទវហេតុនៅ ស្ពានកោះពេជ្រ លោក អ៊ិត សំហេង បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ជាផ្លូវការនៅថ្ងៃទី២៤ ខែវិច្ឆិកា មានចំនួន ៤៥៦នាក់ និងរបួសចំនួន ៣៩៥នាក់។ តួលេខនេះមានការខុសគ្នាជាមួយតួលេខកាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅ។
លោក ផៃ ស៊ីផាន ពន្យល់ថា ៖ «ប្រភពទី១ គឺនៅមន្ទីរពេទ្យដែលឃើញចំនួនជាក់ស្តែងទាំងអ្នកស្លាប់ និងអ្នករបួស ហើយប្រភពមួយទៀត ធ្វើរបាយការណ៍មូលដ្ឋានមកវិញ អ្នកស្លាប់ប៉ុន្មាន និងអ្នករបួសប៉ុន្មានដើម្បីយកមកផ្ទៀងផ្ទាត់»។
មន្ទីរពេទ្យរដ្ឋដែលជួយសង្រ្គោះអ្នករងគ្រោះនៅក្នុងឧបទ្ទវហេតុ កោះពេជ្រ មានមន្ទីរពេទ្យចំនួន៨ ប៉ុន្តែមន្ទីរពេទ្យដែលមានអ្នកជំងឺកំពុងសម្រាកព្យាបាលរបួស នៅថ្ងៃទី២៤ ខែវិច្ឆិកា មានមន្ទីរពេទ្យចំនួន៤ ដូចជាមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យព្រះកេតុមាលា។
វេជ្ជបណ្ឌិត តិច វេង នៃមន្ទីរពេទ្យព្រះកេតុមាលាផ្នែកសង្គ្រោះបន្ទាន់ បានឲ្យដឹងថា តាមការសន្និដ្ឋានរបស់លោកបានបញ្ជាក់ថា បញ្ហាដែលបណ្ដាលឲ្យមានចំនួនមនុស្សស្លាប់ច្រើនបែបនេះ មកពីការប្រជ្រៀតគ្នារយៈពេលយូរ ហើយថប់ដង្ហើម ៖ «លោតលើស្ពានទៅ ជាន់កគ្នាលង់ទឹកស្លាប់តែម្ដង អ្នកនៅលើស្ពានស្លាប់ដោយសារគាត់ថប់ដង្ហើមដកអត់រួចហ្នឹងណា ជាន់គ្នាគាបគ្នាជាប់តែម្ដង»។
ទាក់ទងទៅនឹងសោកនាដកម្មដ៏គួរឲ្យរន្ធត់ដែលបានកើតមានកាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើសេចក្ដីថ្លែងការណ៍ភ្លាមៗ ដោយប្ដេជ្ញារកមូលហេតុក្នុងការធ្វើឲ្យកើតមានឧបទ្ទវហេតុនេះ។
លោក ហ៊ុន សែន បានអះអាងដូច្នេះ ៖ «បញ្ហាដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលត្រូវតែរក រុករកឲ្យឃើញអំពីមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដ៏សម្បើមនេះ»។
ទោះជាមានការអះអាងបែបនេះក្ដី ប៉ុន្តែរហូតមកទល់ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា មិនទាន់មានប្រភពព័ត៌មានផ្លូវការណាមួយអះអាងអំពីមូលហេតុពិតប្រាកដ ដែលបណ្ដាលឲ្យកើតមានឧបទ្ទវហេតុនៅលើស្ពានពេជ្រឆ្លងទៅកោះពេជ្រ បានធ្វើឲ្យមនុស្សស្លាប់រាប់រយនាក់នោះនៅឡើយទេ។
ប្រភពពីមន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ការសន្និដ្ឋានជាបឋមថា ការស្លាប់នោះមកពីការរត់ជាន់គ្នា បើទោះបីជាប្រភពអ្នករងគ្រោះមួយចំនួនបានអះអាងថា មានការឆក់ខ្សែភ្លើង មានការច្រានគ្នាបណ្ដាលឲ្យដួលគរលើគ្នា ដោយសារមានការស្រែកបំភ័យថា ស្ពានបាក់ជាដើម៕
0 comments:
Post a Comment