អ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កកង់បីដឹកអ្នកដំណើរនៅទីក្រុងភ្នំពេញ ត្អូញត្អែរអំពីតម្លៃប្រេងឡើងថ្លៃ ក្នុងពេលដែលប្រេងសាំងនៅក្នុងប្រទេសកម្ពុជាថ្លៃជាង ១ដុល្លារអាមេរិក ក្នុង ១លីត្រ។
អតិថិជនជិះម៉ូតូចេញពីស្ថានីយប្រេងមួយកន្លែងរបស់ក្រុមហ៊ុនតូតាល់ នៅក្នុងទីក្រុងភ្នំពេញ នាថ្ងៃទី២០ កក្កដា ២០០៩។
អ្នករត់ម៉ូតូឌុបម្នាក់ឈ្មោះ ចាន់ ឌឿន ដែលរកចំណូលបាន ១០.០០០ ទៅ ១៥.០០០រៀល ស្មើនឹង ៣ដុល្លារកន្លះក្នុងមួយថ្ងៃ បានត្អូញត្អែរថា បញ្ហាប្រេងឡើងថ្លៃសព្វថ្ងៃនេះធ្វើឲ្យជីវភាពអ្នករត់ម៉ូតូឌុបដូច រូបលោកមានការលំបាក។
លោក ចាន់ ឌឿន បានឲ្យដឹងថា ៖ «ជួនកាលគិតគូរសាំងហើយ ជួនកាលសល់ ១ម៉ឺនអីទៅ។ ដល់ពេលសាំងឡើងថ្លៃ ពិបាកទាំងពីក្រុមគ្រួសារ លុយតិចពេកទៅ ចាក់សាំងអស់តែម្ដង!»។
អ្នករត់រ៉ឺម៉កកង់បីដឹកអ្នកដំណើរមួយរូបទៀតឈ្មោះ ប៊ិន បូរ៉េត ដែលមានកូនក្នុងបន្ទុក ៤នាក់ មានប្រសាសន៍ស្រដៀងគ្នានឹងអ្នករត់ម៉ូតូឌុបឈ្មោះ ចាន់ ឌឿន ដែរ ថា បញ្ហាប្រេងឡើងថ្លៃស្របពេលដែលស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ បានធ្វើឲ្យរកចំណូលបានមួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ។
លោក ប៊ិន បូរ៉េត មានប្រសាសន៍បន្តថា ៖ «ខ្ញុំរាល់ថ្ងៃមុខរបររត់ អាទុកទុកហ្នឹង ចង់ឲ្យសាំងហ្នឹងវាចុះថោក ប្រហែលជា ៣៥០០(រៀល)អី បានអាចរកស៊ីបាន ព្រោះអីស្រុកខ្មែរឥឡូវសេដ្ឋកិច្ចធ្លាក់ចុះ»។
ទាក់ទងនឹងបញ្ហាប្រេងឡើងថ្លៃនេះ ម្ចាស់ស្ថានីយប្រេង Shell នៅស្ទឹងមានជ័យ ក្រុងភ្នំពេញ មួយរូប ឈ្មោះ ងិន សារិន ដែលទទួលប្រេងពីក្រុមហ៊ុនឈ្មោះ TOTAL មកលក់ មានប្រសាសន៍កត់សម្គាល់ថា បញ្ហាប្រេងកំពុងឡើងថ្លៃធ្វើឲ្យលោកជាអ្នកលក់ក៏មានក្តីព្រួយ បារម្ភដែរ។
លោកបញ្ជាក់បន្ថែមដូច្នេះ ៖ «អ៊ីចឹងខ្ញុំក៏មិនដឹងមានអ្វី ដើម្បីជួយឲ្យចុះបានទេ រឿងនេះនៅលើក្រុមហ៊ុនទាំងអស់។ យើងអ្នកលក់ យើងលក់តាមតម្លៃរបស់ក្រុមហ៊ុន ដែលគេកំណត់ឲ្យយើង។ សាំងធម្មតា ៤.៣៥០(រៀល) ហើយស៊ុបពែរ ៤.៥៥០ ម៉ាស៊ូត ៣.៨០០»។
ទាំងអ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កកង់បីដឹកអ្នកដំណើរ មានសំណូមពរដូចគ្នាថា ចំពោះតម្លៃប្រេងសាំងធម្មតាគួរមានតម្លៃត្រឹម ៣.៥០០រៀលប៉ុណ្ណោះ។
លោក ប៊ិន បូរ៉េត អ្នករត់រ៉ឺម៉កកង់បីដឹកអ្នកដំណើរ មានប្រសាសន៍ដូច្នេះ ៖ «ព្រោះ អីរាល់ថ្ងៃខ្ញុំរកស៊ីមួយថ្ងៃជួនកាល ២០.០០០(រៀល) ២៥.០០០អី គ្រាន់តែដោះស្រាយជីវភាពមិនគ្រាន់ផង នៅមិនទាន់ផាត់ប្រេងផាត់អីផង ផាត់ប្រេងអីនៅសល់ ១៥.០០០អី។ ចាក់ពីមុនប្រហែល ៣.៥០០ ឥឡូវ ៤.៤០០។ ៣.៥០០ អាចមានលទ្ធភាពបាន។ ចង់ឲ្យរដ្ឋាភិបាលហ្នឹងដោះស្រាយឲ្យសាំងសល់តែ ៣.៥០០ បានរកស៊ីបាន ព្រោះឥឡូវប្រជាជនក្រណាស់»។
លោក ប៊ិន បូរ៉េត បញ្ចេញក្តីព្រួយបារម្ភថា មុខរបររត់រ៉ឺម៉កកង់បីអាចនឹងដួលរលំ ហើយជីវភាពរបស់លោកនឹងរឹតតែពិបាក ប្រសិនបើប្រេងសាំងនឹងបន្តឡើងថ្លៃតទៅទៀត។
ម្ចាស់ស្ថានីយប្រេង Petronas នៅជិតស្ថានទូតចិនឈ្មោះ យ៉ែម ផានណា និងប្រធានស្ថានីយប្រេង តេលា នៅទួលទំពូង ឈ្មោះ ជា សុធានី បានថ្លែងបញ្ជាក់ដូចគ្នាថា បញ្ហាប្រេងឡើងថ្លៃនេះគឺបណ្ដាលមកពីតម្លៃប្រេងអន្តរជាតិឡើងថ្លៃ ដែរ៕
Resource by rfa.org
0 comments:
Post a Comment